Life and Society

If you want to earn you learn to pay

ជីវិត​ និង កំសាន

កសិកម្ម
ដូងរបង
ប្រទេស​​កម្ពុជា​ ​​បង្កើន​​ការ​​ដាំដុះ​​ផលិតផល​​កសិកម្ម​​គួរ​​អោយ​​កត់​​សម្គាល់​​ក្នុង​រយៈ​​ពេល​​ចុង​ក្រោយ​​នេះ​​ ​ប៉ុន្តែ​​ប្រទេស​​ក្រីក្រ​​មួយ​​នេះ​​នៅ​​ប្រឈម​​នឹង​​កង្វះ​ខាត​​ប្រព័ន្ធ​​ធារាសាស្រ្ត ​ខ្វះ​​ទីផ្សារ​​និង​​ខ្វះ​​រោងចក្រ​​កែច្នៃ។​

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ជំនួញ​មក​ពី​ក្រៅ​ប្រទេស​និង​អ្នកជំនួញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បោះ​ទុន​វិនិយោគ​យ៉ាង​ច្រើន​ទៅ​ក្នុងវិស័យ​កសិកម្ម ដូចជា​៖ការ​ដាំ​កៅស៊ូ ដាំ​ដំឡូងមី ដំា​ពោត ដាំ​ដើម​មៀន ដាំ​សណ្តែក​សៀង ដាំ​ធូរេន ដាំ​ស្វាយ ដាំ​ស្រូវនិង​ដំណាំ​កសិកម្ម​ជា​ច្រើន​មុខ​ផ្សេងទៀត។

ជា​តួលេខ​ពិត​ប្រាកដ គេ​មិនទាន់​មាន​នៅ​ឡើយ​ទេ​ប៉ុន្តែ​អ្នក​ជំនួញ​ជា​ច្រើ​ន​បាន​រំពឹង​ទុក​ជាមុន​ថា មុខ​របរ​រកស៊ី​ដែល​ចំណេញ​បាន​ប្រាក់​ច្រើន​នាពេលអនាគត​គឺ​វិស័យ​កសិកម្ម​។ អ្នក​ជំនួញ​ខ្លះ​មាន​ដី​រាប់​រយ​ហិកតា​សម្រាប់​ធ្វើស្រែ​និង​ដាំ​ដំណាំ​កសិកម្ម​។ ​អ្នក​ជំនួញ​ខ្លះ​ទៀត​មាន​ដីដល់​ទៅ​រាប់ម៉ឺន​ហិកតា​សម្រាប់​ធ្វើ​កសិកម្ម​នា​ពេល​អនាគត។

និន្នាការ​ងាក​មក​ធ្វើ​កសិកម្ម​នេះ​ទើប​ចាប់់​ផ្តើម​មាន​ចលនា​ខ្លាំង​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។ កាល​ពី​ពេល​មុន អ្នក​ជំនួញ​ខ្មែរ​ចូល​ចិត្ត​រកស៊ីជួញដូរដីធ្លី​ជាជាងធ្វើកសិកម្ម។ វិស័យកសិកម្មត្រូវ​បាន​គេមើលរំលង​យ៉ាងឆ្ងាយ​បើទោះបីជាប្រទេសក្រីក្រ​មួយនេះ​ជា​ប្រទេស​កសិកម្មក៏ដោយ។

ប៉ុន្តែ​ឥឡូវ​នេះ ការ​ដាំដុះ​ដំណាំ​កសិកម្ម​​បាន​និង​កំពុង​កើន​ឡើង​គួរ​អោយកត់​សម្គាល់។ ការ​ដាំដុះ​កើន​ឡើង​មែន ប៉ុន្តែ​​បញ្ហា​ប្រឈម​ក៏​មាន​ច្រើន​ដែរ។ បញ្ហា​ប្រឈមធំៗ​មាន​ពីរ។

ទី១ ៖ បញ្ហា​កង្វះ​ខាត​ប្រព័ន្ធ​ធារាសាស្រ្ត​និង​​បញ្ហា​កង្វះទីផ្សារ។

ចំពោះ ​បញ្ហា​ទីមួយ​នេះ​ ប្រជា​កសិករ​ខ្មែរ​និង​អ្នក​ជំនួញ​ផ្នែក​កសិកម្ម​បាន​ប្រឈម​តាំង​ពី​យូរ​យារ​​ ណាស់​មក​ហើយ។ ហើយ​វា​នៅ​តែ​បន្ត​ប្រឈម​ដដែល។ រដ្ឋាភិបាល​បាន​ដឹង​បញ្ហា​នេះ​ច្បាស់​​ហើយ​ អ៊ីចឹង​ហើយ​ទើប​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​បាន​ព្យាយាម​ជួសជុល​ ស្តារ កែលម្អប្រព័ន្ធធារាសាស្ត្រ​ចាស់​ៗ​ឡើង​វិញ។​ មិនត្រឹមតែ​ប៉ុណ្ណោះ រដ្ឋាភិបាល​បាន​និង​កំពុង​​​កសាង​​បណ្តាញ​​ប្រព័ន្ធ​ធារាសាស្រ្ត​ថ្មីៗ​មួយ​ចំនួ​បន្ថែម​ទៀត។ ប៉ុន្តែ​បើទោះ​បីជាយ៉ាងនេះ​ក្តី ក៏​ប្រទេស​​កម្ពុជា​នៅ​ខ្វះ​ប្រព័ន្ធ​ធារាសាស្រ្ត​យ៉ាង​ច្រើន​ដើម្បីស្រោច​ស្រព​ដីដាំ​កសិកម្ម​។

វិស័យ​កសិកម្ម​ខ្មែរ​មិន​អាច​លូតលាស់​ដូច​ប្រទេស​មួយ​ចំនួន​នៅ​ជិត​ខាង​កម្ពុជា​បាន​ទេ​ប្រសិន​បើ​ប្រទេស​នេះ​នៅ​តែ​ធ្វើ​ស្រែ​ប្រវ៉ាស់​នឹង​មេឃ​ ហើយបច្ចេកទេស​កសិកម្ម​នៅ​ទន់​ខ្សោយ។ កសិកម្ម​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺ​ជា​កសិកម្ម​របៀប​គ្រួសារ​ភាគ​ច្រើន​ពោល​គឺ​កម្ពុជា​មិនទាន់​ឈាន​ដល់​បរិបទ​កសិកម្ម​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​នៅ​ឡើយ​ទេ។

បញ្ហា​ទីពីរ​គឺ​បញ្ហា​ទីផ្សារ។ ប្រទេស​កម្ពុជា​ឥឡូវ​នេះ​មាន​ផលិតផល​កសិកម្មមិន​ទាន់​កែច្នៃ​ច្រើន​គួរសម​​បើប្រៀបធៀប​ទៅ​នឹង​៥​ឆ្នាំ​មុន។ ប៉ុន្តែ​កម្ពុជា​មានតែ​ផលិត​ផល​កសិកម្ម​មិនទាន់​កែច្នៃ​ប៉ុណ្ណោះ។ កសិផល​ខ្មែរ​មួយ​ចំនួន​ធំ​ត្រូវ​នាំ​ចេញ​ទៅ​ប្រទេស​ជិតខាង​ដើម្បី​កែច្នៃ មុន​នឹង​គេ​ធ្វើការ​នាំ​ចេញ​បន្ត​ទៀត។

កម្ពុជា​មិន​កែច្នៃ​ទេ​ពីព្រោះ​កម្ពុជា​ខ្វះ​រោងចក្រ​ដើម្បី​ធ្វើ​ការ​កែច្នៃ។ នៅពេលដែល​កម្ពុជា​ខ្វះ​រោងចក្រ​កែច្នៃ​ កម្ពុជា​ត្រូវ​បង្ខំ​ចិត្ត​នាំ​ចេញ​ផលិតផល​កសិកម្ម​មិនទាន់​កែច្នៃ​ទៅ​កាន់​ប្រទេស​ជិតខាង។ ចំនុច​នេះ​គឺ​ជាបញ្ហា​ស្លាប់​រស់​របស់​កម្ពុជា។ ស្លាប់​រស់​ពីព្រោះ​ថា ​ពេលណា​ប្រទេស​ថៃ​ឬប្រទេស​វៀតណាម​ទិញ​ច្រើន​ពី​ប្រទេស​កម្ពុជា​ពេលនោះ តម្លៃ​​​វា​កើន​ឡើងគួរសម​បន្តិច​ ប៉ុន្តែ​បើប្រទេស​ពីរ​នេះ​មិន​ទិញ​ពី​កម្ពុជា​ទេ​ កសិករ​និង​អ្នកជំនួញ​ខ្មែរ​នាំគ្នា​ស្រែក​គ្រប់គ្នា​ពីព្រោះ​តម្លៃ​វា​ធ្លាក់​ចុះ។ និយាយបែប​ផ្សេងមានន័យថា កសិកម្ម​កម្ពុជា​នៅ​តែ​បន្ត​ដក​ដង្ហើម​តាម​ប្រទេស​​ថៃ​និង​ប្រទេសវៀតណាម​ដដែល។

ទំនិញ​គ្រាប់​ស្វាយ​ចន្ទី ទំនិញ​ជ័រ​កៅស៊ូស្រូវ​ត្រូវ​បាន​គេ​នាំ​ចេញ​ច្រើន​ទៅកាន់ ​ប្រទេស​វៀតណាម​​ដើម្បី​ធ្វើការ​កែច្នៃ​មុន​នឹង​នាំចេញ​បន្ត​ទៅ​កាន់ប្រទេស​ទី​៣។

ងាក​ទៅ​កាន់​ព្រំដែន​ប្រទេស​ថៃ​វិញ​ក៏​អ៊ីចឹង​ដែរ។ កសិកផល​ជា​ច្រើន​មុខ​ត្រូវ​បាន​គេ​នាំ​ចេញ​ទៅកាន់​ប្រទេស​ថៃ​ដើម្បី​កែច្នៃ​សម្រាប់​ធ្វើ​ការ​នាំចេញ​។ ពេលខ្លះ ផលិតផល​របស់​ខ្មែរ​មួយ​ចំនួន​ត្រូវ​បាន​គេ​កែច្នៃ​នៅ​ក្នុង​ប្រទេស​ថៃឬ​វៀតណាម​​ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​គេ​នាំចេញ​ត្រលប់​មក​កម្ពុជា​វិញ។

បញ្ហា​មួយ​ទៀត​ដែល​កម្ពុជា​កំពុង​ប្រឈម​ដែរ​នោះ​គឺការ​នាំ​អង្ករចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប។ ឈ្មួញ​ថៃ​មួយ​ចំនួន​បាន​នាំគ្នា​បញ្ជា​ទិញ​អង្ករ​ពីរោង​ម៉ាស៊ីនកិន​ស្រូវ​ខ្មែរ​ប៉ុន្តែ​​ដោយ​ដាក់​ស្លាក​ថា អង្ករ​នេះ​ផលិត​នៅ​ស្រុក​ថៃ​ពេល​គេ​នាំចេញ​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស។

នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​អឺរ៉ឺប​មួយ​ចំនួន​វិញ ឈ្មួញ​ថៃ​បាន​បង្អាប់​គុណភាពអង្ករ​ខ្មែរ​យ៉ាង​ចាស់​ដៃ​ដោយពួកគេ​ទិញ​អង្ករខ្មែរ​មួយមុខ​ឬ​ពីរ​មុខដែលមានគុណភាព​អន់បំផុត​សម្រាប់​ដាក់​តាំង​​អោយអតិថិជន​ធ្វើការប្រៀបធៀប​ជាមួយគុណភាព​អង្ករថៃ​ដែលគេ​ជ្រើសរើស​យក​គុណភាពល្អ។ ការធ្វើយ៉ាងនេះ​គឺ​ដើម្បី​បង្ហាញ​ប្រាប់​អតិថិជន​ថា អង្ករ​ខែ្មរ​មាន​គុណភាព​អន់ ​រីឯ​អង្ករ​ថៃមាន​គុណភាព​ល្អ។

សរុប​សេចក្តី​មក​វិញ ការ​ពង្រីក​ការ​ដាំដុះ​ដំណាំ​កសិកម្ម​គឺ​ជា​រឿង​ល្អ​បំផុត​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ប៉ុន្តែ​អ្វី​ដែល​កម្ពុជា​ត្រូវ​ពង្រឹង​បន្ត​ទៀត​គឺ​ការ​កែច្នៃ​និង​ការ​គ្រប់គ្រង​ទីផ្សារ​នាំ​ចេញ​ដោយ​ខ្លួន​ឯង៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: